Idolទាំង២សមគ្នាណាស់ខំគិតថា...តែឥឡូវធ្លាយរឿងកញ្ញាជាសង្សារប្អូនថៅកែទៅវិញ


ភ្នំពេញ ៖ តារាចម្រៀងស្រីឈានមុខគេនៅផលិតកម្មរស្មីហង្សមាស កញ្ញាឱក សុគន្ធកញ្ញា ត្រូវបានមហាជន និងអ្នកសិល្បៈជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំងនៅដើមខែតុលា ឆ្នាំ២០១៧នេះ ព្រោះតែធ្លាយរឿងស្នេហ៍ដ៏រសើបថា តារាចម្រៀងដ៏ល្បីល្បាញរូបនេះ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយប្អូនថៅកែផលិតកម្មរស្មីហង្សមាស និងទូរទស្សន៍ហង្សមាស លោកអ៊ឹង ឆៃងួន គឺលោកអ៊ឹង សុខលី ដែលជាអ្នកដឹកនាំសម្តែងល្បីឈ្មោះរបស់ហង្សមាស ហើយពេលនេះ គឺជាអ្នកគ្រប់គ្រងនឹងដឹកនាំទាំងមូលលើកម្មវិធីប្រគំតន្ត្រីធំៗរបស់ទូរទស្សន៍ហង្សមាស។




ប្រភពបានឱ្យដឹងថា ការពិត ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង៥ឆ្នាំមកហើយ ពោលគឺតាំងពីតារាចម្រៀងល្បី សុគន្ធកញ្ញា បានផ្តាច់ស្នេហាជាមួយតន្ត្រីករល្បីឈ្មោះ លោករ៉េតធី ដូណា កាលពីឆ្នាំ២០១១ម៉្លេះ តែអ្នកទាំង២ មិនដែលបណ្តើរគ្នាជាសារធារណៈដូចគូស្នេហ៍ដទៃឡើយ ខណៈដែលតារាចម្រៀងក្រោមដំបូលផលិតកម្មហង្សមាស គឺបានដឹងច្រើនពីទំនាក់ទំនងរបស់សុគន្ធកញ្ញា និងលោកសុខលី នេះ តែពួកគេមិនហ៊ាននិយាយឡើយ។




ការធ្លាយរឿងស្នេហ៍ដ៏រសើបរបស់តារាចម្រៀងកំពុងតែឡើងកូដខ្លាំងនេះ នាំឱ្យមាន ការតាមដានជាច្រើនពីមហាជន ដោយអ្នកខ្លះបានលើកឡើងថា តាមពិត ឱក សុគន្ធកញ្ញា ដែលល្បីល្បាញជាងគេក្នុងចំណោមតារាចម្រៀងស្រីនៅទ្រនំធំ ហង្សមាស នេះ ក៏ដោយសារតែនាងមានខ្នងបង្អែកក្រាស់ គឺប្អូនថៅកែផលិតកម្មរស្មីហង្សមាស លោកអ៊ឹង សុខលី នេះតែម្តង ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយជ្រោមជ្រែងនាងឱ្យល្បីល្បាញមកដល់សព្វថ្ងៃនេះ តាមរយៈការឱ្យអ្នកនិពន្ធខ្លាំងៗ សរសេរបទចម្រៀងល្អៗសម្រិតសម្រាំងឱ្យសុគន្ធកញ្ញា ច្រៀង។ ប៉ុន្តែអ្នកខ្លះបានលើកឡើងថា តាមពិត ឱក សុគន្ធកញ្ញា មានសមត្ថភាពគ្រប់គ្រាន់នៅហង្សមាស ទើបផលិតកម្មនេះលើកស្ទួយដែរ ប្រសិនបើនាងច្រៀងមិនកើត ក៏ហង្សមាស មិនអាចលើកនាងឱ្យល្បីខ្លាំងមកដល់ពេលនេះបានដែរ។




ឱក សុគន្ធកញ្ញា ដែលកំពុងតែល្បីសុសសាយរឿងស្នេហាជាមួយប្អូនថៅកែផលិតកម្មរស្មីហង្សមាស នៅពេលនេះ មានប្រភពមួយឱ្យដឹងថា ពួកគេបានភ្ជាប់ពាក្យជាមួយគ្នាយ៉ាងស្ងាត់ៗទៅហើយ កាលពីអំឡុងដើមឆ្នាំ២០១៧ ហើយពួកគេថែមទាំងបានទិញវីឡាមួយខ្នង តម្លៃ២៤ម៉ឺនដុល្លារ នៅបុរីចតុមុខ ជាទ្រនំស្នេហ៍ទៀតផង មុនពេលដែលពួកគេសម្រេចចិត្តដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះ។




លោកអ៊ឹង សុខលី ដែលជាប្អូនប្រុសលោកអ៊ឹង ឆៃងួន ថៅកែផលិតកម្មហង្សមាស មិនលើកទូរសព្ទ័ឡើយ កាលពីរសៀលថ្ងៃទី០៦ តុលា ឆ្នាំ២០១៧ ទើបមិនអាចសុំការបញ្ជាក់បំភ្លឺព័ត៌មានលេចឮខាងលើបានទេ។

ដោយឡែក ឱក សុគន្ធកញ្ញា វិញ ត្រូវបានម្តាយនាង អ្នកស្រីអ៊ិន ថាច បានលើកទូរស័ព្ទជំនួស ហើយនិយាយថា អ្នកស្រីមិនមានការភ្ញាក់ផ្អើលទេ ព្រោះព័ត៌មានខ្លះចេះតែចុះផ្សាយ ដោយគ្មានភាពច្បាស់លាស់។





អ្នកស្រីអ៊ិន ថាច និយាយមួយៗថា “ខ្ញុំដូចជាគ្មានអីត្រូវភ្ញាក់ផ្អើលអីផង រឿងហ្នឹង (ភ្ជាប់ពាក្យ) ព្រោះកាលពីប៉ុន្មានខែមុន ចិត្រ ឯង (អ្នកយកព័ត៌មាន) គឺធ្លាប់សួរខ្ញុំ ហើយខ្ញុំបាននិយាយម្តងហើយតើ? ឥឡូវឱ្យខ្ញុំធ្វើម៉េច ខ្ញុំទទួលស្គាល់ម៉េចទៅ បើគ្រាន់តែឭគេថាអីចឹង ខ្ញុំមិនដឹងជាទទួលស្គាល់ម៉េចទេ? ពេលនេះខ្ញុំចង់និយាយខ្លីថា ខ្ញុំអត់ដឹងរឿងហ្នឹងទេ អត់បានឃើញអ្នកណាចុះអីទេ។ និយាយទៅរឿងហ្នឹងនាពេលខាងមុខ យើងមិនអាចថាបានទេ តែពេលហ្នឹង ខ្ញុំអត់ដឹងមែនណា៎…”។

បើទោះជាម្តាយឱក សុគន្ធកញ្ញា មិនទាន់ហ៊ានសារភាពថា កូនស្រីរបស់គាត់ដែលជាអ្នកចម្រៀងល្បីឈ្មោះឱក សុគន្ធកញ្ញា មានស្នេហាជាមួយប្អូនលោកអ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស និងទូរទស្សន៍ហង្សមាស ក្តី តែអ្នកសិល្បៈស្និទ្ធនឹងឱក សុគន្ធកញ្ញា បានឱ្យដឹងថា សង្សារថ្មី ឱក សុគន្ធកញ្ញា គឺលោកអ៊ឹង សុខលី ថ្វីត្បិតតែកន្លងមក ធ្លាប់មានព័ត៌មានថា លោកមានគូសង្សារជាតារាល្បីៗមួយចំនួន តែតាំងពីលង់ស្នេហ៍សុគន្ធកញ្ញា មក លោកមិនដែលមានស្នេហាជាមួយស្រីណាផ្សេងទៀតឡើយ ហើយបុរសដែលមានរាងខ្ពស់ស្រឡះ ពូកែខាងដឹកនាំសម្តែងខារ៉ាអូខេបទល្បី និងពេលនេះ លោកជាផ្នែកសំខាន់ជាងគេក្នុងការដឹកនាំទូរទស្សន៍ហង្សមាស ឱ្យល្បីនេះ ក៏មិនដែលមានប្រពន្ធកូនដែរ អីចឹងអ្នកទាំង២នៅលីវដូចគ្នា គឺគ្មានអ្វីដែលជាឧបសគ្គរារាំងស្នេហាឡើយ ទើបធ្វើឱ្យអ្នកខ្លះថា ចំណងស្នេហ៍នេះនឹងអាចឈានទៅជីវិតអាពាហ៍ពិពាហ៍បាន ប្រសិនបើក្រុមគ្រួសារទាំងសងខាង នៅតែគាំទ្របែបនេះ។ ដោយឡែក តាមប្រភពស្និទ្ធនឹងក្រុមគ្រួសារលោកថៅកែហង្សមាស អ៊ឹង ឆៃងួន បានបង្ហើបឱ្យដឹងថា គ្រួសារអ្នកជំនួញល្បី និងមានទ្រព្យស្តុកស្តម្ភនេះ កន្លងមក មិនដែលមានសាច់ញាតិណាម្នាក់របស់ខ្លួនយកភរិយាជាអ្នកសិល្បៈឡើយ គឺច្រើនតែភ្ជាប់សាច់ឈាមជាមួយអ្នកជំនួញធំ ដែលមានទ្រព្យមហាសាល។ ជាក់ស្តែងលោកអ៊ឹង សុងលាភ កូនប្រុសលោកអ៊ឹង ឆៃងួន ដែលជាអ្នកគ្រប់គ្រងផលិតកម្មរស្មីហង្សមាស នាពេលនេះ គឺបានរៀបការជាមួយកូនស្រីពៅរបស់លោកឧកញ៉ាតាំង ផេងប៉ោ កាលពីឆ្នាំមុន។

ក្រុមអ្នកសិល្បៈមួយចំនួន ដែលកំពុងជ្រកកោនក្រោមដំបូលផលិតកម្មរស្មីហង្សមាស បានព្រមានថា ឱក សុគន្ធកញ្ញា នឹងអាចចុះខ្សោយ ខ្លះនៅពេលដែលរឿងស្នេហានាងជាមួយប្អូនប្រុសថៅកែហង្សមាស បែកធ្លាយនាពេលនេះ ព្រោះមហាជនខ្លះថា នាងចង់ល្បីភ្ជាប់ស្នេហ៍ជាមួយប្អូនថៅកែ។ ចំណែកអ្នកខ្លះទៀតថា ស្នេហាសុគន្ធកញ្ញា អាចនឹងមានការប្រែប្រួលបាន ប្រសិនបើនៅពន្យារពេលរៀបការទៀតនោះ ព្រោះលោកអ៊ឹង សុខលី ដែលជាបុរសសង្ហាជិះរថយន្តទំនើប Audi និង Land Cruiser Prado នោះ នៅតែមានតារាស្រីជាច្រើនចង់តោងស្នេហ៍លោកបើទោះជាដឹងថា ជាសង្សារឱក សុគន្ធកញ្ញា ក្តី៕

ប្រភព ៖ nokorthomdaily.com
Previous
Next Post »