ពេជ្រសោភាប្រឹងលក់ឡានទំរាំបានឥលូវម៉ូនីកាថាស្រីឡៃទារដុតឡានណប់ចិត្តឲ្យនាង


ភ្នំពេញ ៖ ក្រោយពីតារាចម្រៀងពេជ្រ សោភា បានស្នើសុំឱ្យលោកឧកញ៉ា ហុង ពីវ ជួយទិញរថយន្តដែលសាន ស្រីឡៃ ទិញបង់រំលស់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី បានសម្រេចជោគជ័យរួចមក ពោលគឺលោកឧកញ៉ាហុង ពីវ មិនត្រឹមតែយល់ព្រមទទួលទិញរថយន្តរបស់ស្រីឡៃ ទៅវិញប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភដល់កូនៗរបស់សាន ស្រីឡៃ ទៀតផង ស្រាប់តែថ្មីៗនេះ តារាកំប្លែងជើងចាស់ គឺអ្នកនាងស៊ុនណារី ម៉ូនីកា បានអះអាងថា បានឃើញសាន ស្រីឡៃ មកលេង បន្ទាប់ពីប្អូនស្រីជីដូនមួយរបស់អ្នកនាងម្នាក់បានយល់សប្តិឃើញថា ព្រលឹងរបស់សាន ស្រីឡៃ បានមកសួររករថយន្តរបស់នាង។

អ្នកនាងស៊ុនណារី ម៉ូនីកា ដែលបានទៅចូលរួមពិធីបុណ្យ៧ថ្ងៃ សពតារាចម្រៀងសាន ស្រីឡៃ ដែរនោះ បានបង្ហើបប្រាប់ថា ថ្មីៗនេះ ប្អូនស្រីជីដូនមួយរបស់អ្នកនាង រស់នៅម្តុំជ្រោយចង្វា បានយល់សប្តិឃើញព្រលឹងរបស់សាន ស្រីឡៃ មកយំសួររករថយន្តរបស់នាង ដោយព្រលឹងរបស់ស្រីឡៃ និយាយថា “តើឡានខ្ញុំទៅណា អ្នកណាយកឡានខ្ញុំទៅ?” បន្ទាប់មក ស្រីឡៃ ក៏បានដើររករថយន្តរបស់នាងចុះឡើងៗ លុះរកមិនឃើញ ក៏ទៅអង្គុយធ្វើមុខស្អុយប៉ែ បែបអស់សង្ឃឹមតែម្តង។







អ្នកនាងស៊ុនណារី ម៉ូនីកា បានអះអាងថា ការដែលប្អូនស្រីជីដូនមួយរបស់អ្នកនាងយល់សប្តិឃើញ សាន ស្រីឡៃ នោះ គឺបន្ទាប់ពីអ្នកនាង ពេជ្រ សោភា បានស្នើសុំឱ្យលោកឧកញ៉ា ហុង ពីវ ទិញរថយន្តរបស់ស្រីឡៃ ត្រឡប់ទៅវិញ ដោយសារគ្រួសារនាងគ្មានលទ្ធភាពបង់រំលស់រថយន្តនេះបន្តទៀតឡើយ ហើយទីបំផុត លោកឧកញ៉ា ហុង ពីវ ក៏យល់ព្រមទទួលទិញរថយន្តរបស់ស្រីឡៃ មែន។

តារាកំប្លែង ស៊ុនណារី ម៉ូនីកា បានបញ្ជាក់ថា ប្អូនស្រីជីដូនមួយរបស់អ្នកនាង មិនធ្លាប់ស្គាល់ ឬមានទំនាក់ទំនងអ្វីជាមួយសាន ស្រីឡៃ នោះទេ ស្រាប់តែនៅសុខៗ ព្រលឹងស្រីឡៃ បែរជាទៅពន្យល់សប្តិ សួររកឡានជាទីស្រលាញ់របស់នាងទៅវិញ។ ចំណែកអ្នកនាងគ្រាន់តែស្តាប់ប្អូនជីដូនមួយ រៀបរាប់ប្រាប់តាមទូរស័ព្ទចប់ភ្លាម ក៏ដើរទៅបើកភ្លើង ស្រាប់តែឃើញមុខសាន ស្រីឡៃ មកលេងដូចមែនទែនអីចឹង។
តារាកំប្លែងជើងចាស់រូបនេះ បានបង្ហាញនូវបំណងចង់ឱ្យម្តាយ និងក្រុមគ្រួសារ សាន ស្រីឡៃ ដុតឡាននោះឱ្យទៅសាន ស្រីឡៃ ផងដែរ ដើម្បីឱ្យព្រលឹងនាងបានស្ងប់សុខ។
ទាក់ទងទៅនឹងបំណងចង់ដុតរថយន្ត ទៅឱ្យសាន ស្រីឡៃ នេះដែរ មហាជនជាច្រើនបានបង្ហាញនូវអារម្មណ៍ងឿងឆ្ងល់ និងមិនយល់ស្របតាមបំណងរបស់អ្នកនាងស៊ុនណារី ម៉ូនីកា ឡើយ ដោយសំអាងថា បើដុតរថយន្តនោះទៅ តើបានផលអ្វីមកវិញ និងកាន់តែធ្វើឱ្យក្រុមគ្រួសារសាន ស្រីឡៃ វេទនាទៀតហើយ។
ជាការឆ្លើយតប តារាកំប្លែង ស៊ុនណារី ម៉ូនីកា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់អ្នកនាងថា “តាមពិតរឿងហ្នឹងចេះទេ ប្អូនស្រីនិងគាត់ បានយល់សប្តិឃើញថា ស្រីឡៃ ហ្នឹង មកសួររកឡានថា មានឃើញឡានខ្ញុំទេបង ខ្ញុំបាត់រកមិនឃើញសោះ? ហើយអ្នកយល់សប្តិហ្នឹង ក៏ប្រាប់ខ្ញុំតែប៉ុណ្ណឹងឯង។ មានណា បើដុត ក៏គេដុតឡានក្រដាសអូន អ្នកណាទៅដុតឡានមែនទែននោះ…”។


សូមរំលឹកថា តារាចម្រៀងសាន ស្រីឡៃ អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី២ និងជាតារាចម្រៀងផលិតកម្ម We Production ដែលជាសាខារបស់ហង្សមាសនោះ ត្រូវបានបុរសជាប្តីបាញ់ប្រហារ ចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ៥២E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ចំណុចបរិវេណមន្ទីរសម្រាកព្យាបាល វ៉ាយតា ឡុងហ្គា (Vita Longa Clinic) មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។ ដោយឡែក ខ្មាន់កាំភ្លើងជាប្តីបានបាញ់សម្លាប់ខ្លួនឯង ចំសៀតផ្កា១គ្រាប់ បណ្តាលឱ្យដេកស្លាប់ទន្ទឹមគ្នា២នាក់ប្តីប្រពន្ធ គួរឱ្យរន្ធត់ ដោយបន្សល់ទុកនូវកូនប្រុសតូចៗចំនួន២នាក់ រស់នៅកំព្រាគ្មានទីពឹង៕ អត្ថបទ៖ នគរធំ































ប្រភព ៖ នគរធំ
Previous
Next Post »