ក្អួតឈាម!!ប្តីពង្រត់កូនស្រីក្រមុំរៀនថ្នាក់ទី១២អាយុ១៧ឆ្នាំធ្វើប្រពន្ធនិងកូនស្រីថាស្នេហ៍ពិត


ភ្នំពេញ ៖ បុរសម្នាក់យកស្រ្តីមេម៉ាយកូនមួយធ្វើប្រពន្ធ បែរជាលួចទាក់ទងកូនស្រីរបស់ប្រពន្ធ (កូនចុង) យកធ្វើប្រពន្ធ ហើយនាំរត់ចេញពីផ្ទះជិតមួយឆ្នាំ ទើបម្តាយតាមរកកូនស្រីឃើញ ដោយបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១០​ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣៩០ ស្ថិតនៅភូមិ៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

ស្រ្តីជាម្ដាយមានឈ្មោះ គ.ស ​អាយុ ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង
មានកូនស្រី ឈ្មោះ ស ហ អាយុ ១៧ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ ចំណែកបុរសអតីតជាប្តីចុងរបស់ស្រ្តីជាម្តាយ មានឈ្មោះ ច ត អាយុ ៣២ឆ្នាំ ទៅធ្វើការនៅប្រទេសកូរ៉េ បច្ចុប្បន្នលួចទំនាក់ទំនងស្នេហា ជាមួយកូនស្រី ។




តាមសម្តីរបស់ស្រ្តីជាម្តាយ បានឱ្យដឹងថា គាត់ជាស្រីមេម៉ាយកូនស្រីម្នាក់ ត្រូវបានប្តីរត់ចោល ទៅតាមស្រីថ្មីទៀតតាំងពីគាត់ សម្រាលកូនរួចម្ល៉េះ ទុកឱ្យគាត់ខំប្រឹងត្រដរ​ធ្វើការងារ តាមផ្ទះគេរហូតចិញ្ចឹមបីបាច់កូនស្រីបាន​ធំដឹងក្តី នៅ​ឆ្នាំ២០០៤ គាត់បាន​មកធ្វើការ នៅរោងចក្រភ្នំពេញ ក៏បានស្គាល់បុរសម្នាក់ឈ្មោះ ច ត ជាជាងតបណ្ដាញ​អគ្គិសនីឯកជន រហូតឈានដល់ចាស់ទុំបានដឹងឮ​ ក៏បានរៀបចំ​សែនព្រេន រស់នៅជាមួយគា្នប្រពន្ធមានផ្ទៃពោះ ពេលទៅស្រុកកំណើត គាត់​យោងទឹកធ្ងន់ពេក រអិលជើងដួលបានរលូតកូនបាត់ទៅ ។

ប្រភពដដែលបន្តទៀតថា ក្រោយមក​ប្ដី របស់គាត់បានដាក់ពាក្យ ទៅធ្វើការនៅប្រទេសកូរ៉េ ហើយក៏បានប្រលងជាប់ និងកំណត់ថ្ងៃទៅរួចរាល់ហើយ គាត់មិនបានដឹងថាប្ដីក្រោយនេះ លួចទាក់ទងកូនស្រី (កូនស្រីចុង) តាំងពីពេលណាមកទេ រហូតដល់ឆ្នាំ២០១៣ ទើបដឹងថា ប្តីលួចទំនាក់ទំនង ស្នេហាជាមួយកូនស្រីគាត់ នៅឯស្រុកកំណើត ក៏បានហៅប្តីមកសួរនាំ ហើយប្ដីបាន សារភាពថា ស្រឡាញ់កូនស្រីប្តីមុនពិតមែន តែពេលនោះ បុរសជាប្តីបាន​អង្វរ ​សំពះដល់បាតជើងគាត់ថាឈប់ទាក់ទងទៀតហើយ ។




បន្ទាប់មក គាត់បានសម្រេចចិត្តលែងលះ ជាមួយប្តីក្រោយ ​ដើម្បីកុំឱ្យប្តីកំហូចនេះ លួចទាក់ទងកូនស្រីរបស់គាត់ទៀត ព្រោះកូនស្រីរបស់គាត់នៅក្មេងខ្លាំងណាស់ ប៉ុន្តែពេលដែលប្តីកំហូចបាន​ចេញទៅធ្វើការនៅប្រទេសកូរ៉េបាត់ហើយ បាន​លួង​លោម​​អូសទាញ កូនស្រីរបស់​គាត់ ​រត់ចេញពីផ្ទះ នៅស្រុកកំណើតចេញមករស់នៅ ក្រុងភ្នំពេញជាមួយគ្នា​ ទោះបីគាត់តាម​ស៊ើបសួរ ក៏មិនបានដំណឹង ពីកូនស្រីគាត់ដែរ រយៈពេលជិតមួយឆ្នាំមកហើយ ។

ស្រ្តីជាម្ដាយបានរៀបរាប់ទាំងទឹកភ្នែកបន្តថា ដោយសារតែបាត់កូនស្រីពីផ្ទះ តាមរកមិនឃើញ គាត់ក៏បានមកភ្នំពេញ បានជួលផ្ទះនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីដើររកកូន​ស្រី និងឆ្លៀតពេលលក់ដូរបន្តិចបន្តួច នៅផ្សារបឹងត្របែក ពេលទំនេរ ខ្ចីម៉ូតូបងប្អូននៅភ្នំពេញតាមរក ដោយកាន់រូបថត ២សន្លឹក តាំងពីកូនស្រីនៅវ័យកុមារ ព្រមទាំងប្រាប់​លេខ ទូរស័ព្ទដល់អ្នកដែលគាត់ទៅសួរនាំ ក្រែងថ្ងៃណាប្រទះឃើញ ជួយទូរស័ព្ទប្រាប់គាត់ផង ។



លុះដល់ព្រឹកមិញនេះ ក៏មានស្រ្តីម្នាក់ទូរស័ព្ទប្រាប់ថា ឃើញក្មេងស្រីម្នាក់ មុខស្រដៀងកូនស្រីគាត់ គ្រាន់តែក្មេងស្រីនោះ កាត់សក់ប្រុស ទោះបីយ៉ាងណា គាត់ក៏សួរផ្លូវរួចបានខ្ចីម៉ូតូអ្នកស្គាល់គ្នាមកតាមរកឃើញ តាមផ្លូវ៣៩០ បានឃើញកូនស្រីដើរចូលផ្ទះវីង​វេរលុយ ក៏ចាប់ដៃកកូនស្រី​ជាប់ និងប្ដឹងសមត្ថកិច្ចជួយឃាត់កូនស្រីខ្លាច​រត់បាត់ទៀត ។

សមត្ថកិច្ចបានឃាត់ខ្លួនទាំងម្តាយនិងកូនស្រី ព្រមទាំងបុរសម្នាក់ ដែលជាអតីតជាប្តីទី២របស់ម្តាយ និងបច្ចុប្បន្នជាប្តីរបស់កូនស្រី យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ធ្វើការសួរនាំ ។ នៅចំពោះមុខអាជ្ញាធរស្រ្តីជាម្តាយ បានស្នើរសុំឱ្យបុរស​ ជាអតីតប្ដីក្រោយ ឈប់ទាក់ទងកូនស្រីគាត់ទៀត និងមិនប្ដឹងផ្ដល់អ្វីទេ ​ដោយសារ នឹកឃើញថា ធ្លាប់ជាប្ដីប្រពន្ធ និងគ្នា ហើយក៏មិនចង់ចងកម្មពារទៀតទេ តែបើមិនព្រម ឈប់ទាក់ទង​កូនស្រីរបស់គាត់ទេ នឹងប្ដឹងឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ហើយ ។

បើតាមសម្តីរបស់កូន​​ស្រី វ័យក្មេង បានឆ្លើយចំពោះ មុខសមត្ថកិច្ចថា ខ្លួនជាអ្នកស្ម័គ្រចិត្តស្រលាញ់គ្នា និងតាមមករស់នៅ ជាមួយបុរសជាប្ដី ក្រោយរបស់ម្ដាយ ដោយខ្លួនស្រលាញ់គ្នា ​​គ្មានអ្នកណាបង្ខំ​ ឬគំរាមគំហែងទេ គឺស្រឡាញ់គ្នាដោយចិត្តនិងចិត្ត ​។ មុន​ពេលដែលគាត់ចាកចេញពីផ្ទះ ក៏បានប្រាប់ម្ដាយ​ដែរ តែម្ដាយគាត់មិនព្រម ហើយមិនដឹងធ្វើយ៉ាងម៉េច ក៏បានចេញពីផ្ទះមករស់នៅផ្ទះជួល ដែលមិត្តភក្កិរបស់ប្តី ជាអ្នកជួយរកឱ្យ ព្រោះប្តីរបស់គាត់ បានទៅធ្វើការនៅប្រទេសកូរ៉េហើយ ចំណែករូបគេ ជួលផ្ទះនៅភ្នំពេញរៀនបន្ត (បញ្ជាក់៖ បុរសជាប្ដី និងជាអតីតប្ដីក្រោយរបស់ម្ដាយ ជាអ្នករកស៊ី វេរលុយពីប្រទេសកូរ៉េ មកផ្ញើបន្តទៅតាមខេត្ត) ។



ប្រមាណជា មួយខែកន្លងមកនេះ ប្តីរបស់គាត់បានមកពីប្រទេសកូរ៉េ បានរស់នៅជាមួយគ្នា ជាប្តីប្រពន្ធ គ្រាន់តែរូបគេ មិនទាន់គ្រប់អាយុ រង់ចាំតែប៉ុន្មានខែទៀត រូបគេអាយុ ១៨ឆ្នាំ នឹងរៀបការរស់នៅជាមួយគ្នា ស្របច្បាប់ហើយ ទោះបីម្តាយហាមឃាត់ និងយកគេត្រឡប់ទៅស្រុកកំណើតវិញ ក៏យកទៅបានរូបកាយដែរ មិនអាចបំបែកបាក់ប្តីប្រពន្ធ របស់គេបានទេឡើយ ។
បន្ទាប់ពីសួរនាំរួចហើយ ​នគរបាលរដ្ឋបាលបឹងកេងកងទី៣ ​បានណែនាំឱ្យទៅជួប​លោក ចៅសង្កាត់ធ្វើកិច្ចសន្យា ព្រោះម្តាយរបស់កូនស្រី មិនបានប្តឹងប្តល់ទេ ទើបលោកចៅសង្កាត់ធ្វើ កិច្ចសន្យារួចហើយ បានឱ្យកូនស្រីត្រឡប់ទៅផ្ទះជាមួយម្តាយវិញ ​ចំណែកបុរសជាប្ដីនោះ ក៏បានត្រលប់ទៅផ្ទះជួល នៅសង្កាត់បឹងកេងកងទី៣វិញ ៕


ប្រភព ៖ cnnkhmer.com
Previous
Next Post »