មានប្តី៤នាក់រួចមកហើយមិនស្កប់ចិត្តសំពះអង្វរប្តីសុំយកប្តីទី៥បន្ថែមទៀតព្រោះតែ


នាងកើត ចន្ធូ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងនៅតែម្តាយឈ្មោះឌួង សាន អាយុ៤៩ឆ្នាំ ឪពុកស្លាប់ ជាកូនទោលក្នុងគ្រួសារ។ ដោយហេតុជាកូនទោលបែបនេះហើយ ទើបរូបនាងត្រូវឪពុកម្តាយថ្នមជំនួយតាំងពីតូច ចង់បានអីបានហ្នឹង ធ្វើឱ្យចរិតនាងចង់តែបានមិនឈប់ឈរ។ នាងរៀនសូត្របានតិចតួចណាស់ លុះអាយុបាន១៧ឆ្នាំ ម្តាយបានបង្ខំនាងឱ្យរៀបការជាមួយកំលោះម្នាក់ ឈ្មោះជឹម ម៉ែន រស់នៅភូមិជាមួយគ្នា ប៉ុន្តែនាងមិនស្រលាញ់ប្តីនោះទេ ទើបមិនព្រមផ្សំដំណេក រហូតប្តីទ្រាំឈឺចាប់មិនបាន ក៏សុំចែកផ្លូវគ្នាដើររៀងខ្លួន។ កាលនោះ នាងនៅក្មេងកំពុងពេញសប្បាយ ទោះជាកាយនៅក្រមុំ ក៏មានឈ្មោះថា មេម៉ាយចំណាយមាត់ប្រុស ធ្វើឱ្យនាងឈឺចិត្តចង់យកឈ្នះគេ ក៏សម្រេចចិត្តសែនព្រេនយកប្តីទី២ទៀតទៅ។ ប្តីទី២នោះ ជាបុរសពោះម៉ាយ ឈ្មោះសោម លាង អាយុបងនាង៨ឆ្នាំ ដោយរួមរស់ជាមួយគ្នា បង្កើតបានកូន៤នាក់ ប៉ុន្តែជាអកុសល ប្តីនេះមានជំងឺធ្ងន់ស្លាប់ចោលនាងបាត់ទៅ។ មរណភាពរបស់ប្តី ផ្តើមឡើងដោយសារគេទៅកាប់ដើមត្នោតអ្នកតា មកសង់ផ្ទះ ក៏ស្រាប់តែចុកពោះប្រកាច់ប្រកិន ត្រឹមតែ១យប់ប៉ុណ្ណោះ ក៏ស្លាប់ទៅ ដែលអ្នកស្រុកជឿថា មកពីអ្នកតាកាច់។


នាងកើត ចន្ធូ បន្តទៀតថា ប្តីទី២នោះ ជាមនុស្សល្អណាស់ គាត់ថ្នាក់ថ្នមនាង ធានារកស៊ីចិញ្ចឹម មិនដែលឱ្យប្រពន្ធនឿយហត់ឡើយ សូម្បីតែការងារយប់ព្រលប់ ក៏ប្តីបម្រើនាងស្កប់ស្កល់ រហូតមានផ្ទៃពោះជាបន្តបន្ទាប់។ ក្រោយមក ដោយអផ្សុកពេក នាងក៏សម្រេចចិត្តសែនព្រេនយកប្តីទី៣ ជាកំលោះស្ទាវម្នាក់ ឈ្មោះ ចាន់ អាយុប្អូននាងដល់ទៅ៥ឆ្នាំឯណោះ។ ប្តីនេះរួមរស់ជាមួយនាងបានតែមួយរយៈខ្លីប៉ុណ្ណោះ ព្រោះតែរឿងខ្ជិលច្រអូស មិនចេះធ្វើការរកស៊ីទៀងត្រង់ដូចគេទេ បែរជាចាប់មុខរបរដើរលួចមាន់ទា ឬទ្រព្យរបស់អ្នកភូមិ យកទៅលក់បានលុយស៊ីផឹកជាមួយមិត្តភក្តិ លុះមកដល់ផ្ទះបង្ខំនាងរួមរ័ក។ ដោយខ្លាចពាក់ព័ន្ធនឹងទោសទណ្ឌទទួលផលចោរកម្ម ទើបនាងសម្រេចដេញក្បាលប្តីនេះចោល អត់អាល័យ ព្រោះទុកក៏មិនចំណេញ ដេញចេញក៏មិនខាត។



នាងចន្ធូ បន្តរឿងជីវិតដោយមិនលាក់លៀមថា ក្រោយមកដោយចង់យកឈ្នះប្រុស នាងក៏សម្រេច ចិត្តសែនយកប្តីទី៤ ឈ្មោះឌិន ម៉ៅ សព្វថ្ងៃអាយុ៣៩ឆ្នាំ ជាពោះម៉ាយប្រពន្ធស្លាប់ចោល ស្រុកកំណើតនៅភូមិពើក ឃុំកំពង់ពុទ្រា ស្រុកជាមួយគ្នា ដោយរួមរស់បង្កើតបានកូនប្រុសម្នាក់ អាយុទើបបានជាង៨ខែ។ ប្តីទី៤នេះ កម្មធ្ងន់ជាងគេ ត្រង់ពូកែប្រចណ្ឌ ចូលចិត្តប្រើអំពើហិង្សា តែងវាយដំច្រំធាក់នាងជារឿយៗ ហើយនាងក៏ធ្លាប់ប្តឹងលែងប្តីនេះម្តងដែរ កាលពីនៅពោះធំ តែគេមុខក្រាស់អង្វរសុំជានាគ្នាវិញ ទើបនាងយល់ព្រមទាំងទើសទាល់ ក្រែងគេកែគំនិត ដឹងអី! គេនៅតែវ៉ៃនាងជាំសាច់ដដែល។ ឥឡូវនាងអស់និស្ស័យ អស់អារម្មណ៍ជាមួយប្តីនេះហើយ គឺសុំចែកផ្លូវត្រឹមនេះចុះ នាងសុខចិត្តលុតជង្គង់សំពះសុំគេឱ្យបើកសេរីភាព ដើម្បីនាងបានយកប្តីម្នាក់ទៀតជាគម្រប់៥ ហើយបើដឹងថា នាងជាស្រីអាក្រក់ដែរ ខំទុកចងកម្ម ចងពៀរធ្វើអី ល្មមដោះលែងនាងទៅ។



ដោយឡែក លោកឌិន ម៉ៅ ជាប្តីទី៤ បានឱ្យដឹងថា លោកមិនចង់ប្រើអំពើហិង្សាទៅលើប្រពន្ធនេះ ទេ ប៉ុន្តែមកពីនាងរឹងចចេសខ្លាំងពេក។ ប្រពន្ធនេះមិនធម្មតាទេ ថ្ងៃខ្លះទុកកូនចោលដើរផឹកស៊ីបាត់ៗពីផ្ទះ ធ្វើដូចស្រីនៅទំនេរ គ្មានកូនគ្មានប្តីអីចឹង ពេលលោកស្តីប្រដៅណែនាំស្រួលៗ ស្រាប់តែនាងជេរប្រមាថសងវិញ កប់ៗមាត់ ថែមទាំងរករឿងលែងក្បាលលោកទៀតផង ទើបលោកប្រើដៃជើងតែម្តងទៅ ព្រោះនិយាយនឹងមាត់មិនឈ្នះ ទាល់តែដាក់ខ្លះ ទើបបាន។ តាមពិត ចរិតប្រពន្ធនេះគ្មានកែប្រែទេ នាងល្មោភកាមគុណ ប្រើប្តីចុះដូចខោអាវ បើតាមលោកដឹង នាងមានប្តីពេញមុខ៤នាក់ គិតទាំងរូបលោក និងធ្លាប់មានប្រុសកន្លងខ្លួន មិនដឹងប៉ុន្មាននាក់ទៀតទេ នៅពេលនាងធ្លាក់ខ្លួនមេម៉ាយម្តងៗ ឬថា មេម៉ាយមួយភ្លើងៗត្រូវតែមានប្រុសកំដរ។ ឥឡូវប្តី៤ ហើយមិនស្កប់ស្កល់ សុំលោកយកប្តីទី៥ទៀត កុំថាលោកកំសាកឱ្យសោះ ប៉ុន្តែមកពីលោកអាណិតកូនៗក្បាលឱ្យរងួយមើល ទៅឪប្លែកមុខរហូត ទើបលោកមិនព្រមលែង។


អ្នកស្រីឌួង សាន ជាម្តាយខាងស្រី បានឱ្យដឹងថា រឿងកូនស្រីនេះគាត់មិនចង់និយាយទេ ព្រោះបើ និយាយទៅដូចស្តោះដាក់ទ្រូងឯង។ តាមពិតកូនស្រីនេះក៏ខ្លាំង កូនប្រសាទី៤ក៏ខ្លាំង ដូច្នេះខ្លាំងប៉ះខ្លាំង វាខ្លោចយ៉ាងនេះឯង។ គាត់ក៏ធ្លាប់ស្តីប្រដៅកូនស្រីនេះដែរ ពីរឿងប្រើប្តីចុះនោះ តែនាងមិនស្តាប់នាង ទាំងធ្លាប់រុញគាត់ជាម្តាយឱ្យដួលជាំភ្នែកឡើងខៀវទៀតផង ធ្វើឱ្យគាត់ខ្មាសអ្នកស្រុក ងើបមុខមិនរួច។


លោកលី ឌី មេភូមិស្រែវាល បានឱ្យដឹងថា ជម្លោះគ្រួសារមួយនេះផ្តើមចេញពីការរស់នៅមិនចុះ សម្រុងគ្នា បង្កជាទំនាស់មិនចេះចប់។ ម៉្យាងនាងចន្ធូ ទំនងជាលែងចង់រួមរស់ជាមួយប្តីហ្នឹង បានជានាង រកលេសឈ្លោះសុំចែកផ្លូវគ្នាយ៉ាង៕ 




Previous
Next Post »