ជាសិស្សគ្រូតា(ភុលជឹម)ប្រាកដជាធ្លាប់លឺគាត់ប្រាប់ដដែលៗ៖តែងសេចក្តីពុំ..(វីដេអូ


តែងសេចក្តីពុំមានប្លង់ ដូចកីឡាករប្រណាំងកង់ ដែលមិនស្គាល់ផ្លូវ !!! អ្នកដែលធ្លាប់ជាកូនសិស្សគ្រូតា(ភុលជឹម) គ្រាន់តែលឺ រឺឃើញឃ្លាខាងលើភ្លាម ពិតជានឹកដល់ រឺចាំមិនភ្លេចទេ ដល់រូបភាពលោកគ្រូតា ព្រោះលោកគ្រូតា តែងតែនិយាយប្រាប់ បង្រៀនដល់សិស្សដដែលៗខ្លាចសិស្សភ្លេច ចំពោះវិធីសាស្ត្រតែងសេចក្តីនេះ ។ តែឥលូវនេះ ចាប់ពីពេលនេះតទៅ យើងលែងលឺការបង្រៀនអប់រំ រឺពាក្យបង្រៀនតែងសេចក្តីខាងលើនេះ ចេញពីមាត់ផ្ទាល់របស់លោកគ្រូតាទៀតហើយ ព្រោះគាត់ចាស់ហើយ ដល់ពេលសំរាក់ពីការងារផ្តល់ចំនេះដឹងសំរាប់កូនខ្មែរហើយ គាត់ទៅចោលចាក់ចោលយើងរហូតហើយ ដោយបន្សល់ទុកនៅតែការចង់ចាំរូបគាត់ក្នុងចិត្ត និងចំនេះដឹងដែលគាត់ខិតខំផ្តល់អោយ នៅក្នុងខ្លួនរបស់យើងម្នាក់ៗ ដែលជាសិស្សរបស់គាត់ប៉ុណ្ណោះ ពិតជាអាលោះអាល័យណាស់...។








ប្រភព ៖
តើនណាអាចទប់ទឹកភ្នែកបាន?
ម្សិលមិញ កូនសិស្សគ្រប់គ្នា បានចូលទៅជួបសួរសុខទុក្ខលោកគ្រូ ស្រាប់តែថ្ងៃនេះបានទទួលដំណឹងថា លោកគ្រូអនិច្ចកម្ម ទៅហើយ អ្នកណាខ្លះយល់ពីអារម្មណ៍មួយនេះ?
ពេញមួយជីវិតលោកគ្រូ ភុល ជឹម ជាគ្រូអក្សរសាស្ត្រខ្មែរ បានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ប្រហែលជិត៤០ឆ្នាំ បំពេញនូវកាតព្វកិច្ច ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នោះគឺការផ្តល់នូវចំណេះវិជ្ជា ជូនដល់កូនខ្មែរជាច្រើនពាន់ម៉ឺននាក់ មានសិស្សខ្លះក៏បានធ្វើការធំ សិស្សខ្លះក៏បានក្លាយជាឧកញ៉ា សិស្សខ្លះធ្វើជាមន្ត្រីរាជការ និងសិស្សខ្លះទៀតជាអ្នករកស៊ីធម្មតា តែលោកគ្រូនៅតែជាគ្រូបង្រៀនដដែល។ មួយជីវិតបង្រៀនរបស់លោកគ្រូ លោកមិនដែលបាន ជិះកង់ ម៉ូតូ ឡាន ទៅបង្រៀន ដូចអ្នកឯទៀតទេ លោកតែងដើរចេញផ្ទះជាន់លើ ក្បែរអតីតរោងកុនឋានសួគ៌ នៅផ្លូវកម្ពុជាក្រោម ទៅបង្រៀននៅសាលាបាក់ទូក និងសាលាជ័យថាវី។

ម្សិលមិញថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ពួកយើងទាំងអស់គ្នា ជាអតីតកូនសិស្សលោកគ្រូ ធ្លាប់រៀននៅសាលាបាក់ទូក បានប្រផ្តុំគ្នា ទៅសួរសុខទុក្ខលោកគ្រូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះតែមានជម្ងឺទឹកនោមផ្អែមនិងរលាកតម្រងនោម។
ឋិតក្នុងវ័យ៧៤ឆ្នាំ ស្រាប់តែលោកគ្រូត្រូវធ្លាក់ខ្លួនឈឺ សម្រាកលើគ្រែ ធ្វើឲ្យពួកយើង ក្តុកក្តួលអួលណែនគ្រប់ៗគ្នា ពួកយើងមិនដឹងថា នឹងត្រូវអត់ទ្រាំទទួលនូវការឈឺចាប់ជំនួសលោកគ្រូ បានដោយយ៉ាងណានោះទេ ពួកយើងបានត្រឹមតែ រួបរួមគ្នា ក្រោមការដឹកនាំពីមិត្ត រ័ត្ន ស្រ៊ាង ប្រមែប្រមូលថវិកា បានចំនួន៤ពាន់ដុល្លារ ទុកសម្រាប់ជួយសម្រាលបន្ទុកគ្រួសារ ក្នុងការព្យាបាលជម្ងឺលោកគ្រូប៉ុណ្ណោះ។
ប៉ុន្តែថ្ងៃនេះ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ពួកយើងស្រាប់តែទទួលដំណឹងថា លោកគ្រូបានអនិច្ចកម្មទៅហើយ តើឲ្យពួកយើងទប់ទឹកភ្នែកម្តេចនឹងបាន?
- អ្នកណាទៅដឹងថា ពេលវេលាលោកគ្រូ អស់លឿនយ៉ាងនេះ?
- ហេតុអ្វីពួកយើង មិនអាចជួយឲ្យជម្ងឺលោកគ្រូបានធូស្រាលប្រសើរឡើងបាន?
ថ្ងៃនេះខ្ញុំឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់នៃសាលាបាក់ទូក សូមសម្តែងនូវ សេចក្តីសោកស្តាយ អាឡោះ អាល័យ យ៉ាងពន់ពេក ចំពោះមរណភាព របស់លោកគ្រូអក្សរសាស្ត្រខ្មែរ ភុល ជឹម និងសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសពលោកគ្រូ សូមឲ្យវិញ្ញាណក្ខ័ន្តដ៏មានគុណរបស់លោកគ្រូ បានទៅកាន់សុគតិភព សោយសុខក្នុងស្ថានសួគ៌អស់កាលជាអង្វែងតទៅ!
#PhnomPenhGRK










វីដេអូសម្លេងជាក់ស្តែង



Previous
Next Post »